រឿង៖ វិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែក មកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង ។ ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រឹកហើយ គិតថា នឹងបូជាព្រះសាស្ដា បានកាន់យកផ្កាននោង ៤ ទងដែលខ្លួនបានមក មានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំ មិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវ ជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប ។
កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែក មកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង ។ ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រឹកហើយ គិតថា នឹងបូជាព្រះសាស្ដា បានកាន់យកផ្កាននោង ៤ ទងដែលខ្លួនបានមក មានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំ មិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវ ជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប ។
ខណៈនោះ មានមេគោកូចខ្ចីមួយបោលស្ទុះទៅដោយរហ័ស បានជល់ឧបាសិកានោះឲ្យអស់ជីវិត ។ នាងធ្វើកាលកិរិយាក្នុងខណៈនោះឯង បានកើតក្នុងតាវត្តិង្សសួគ៌ាស្ថាន ។ កាលសក្កទេវរាជស្ដេចយាងក្រសាលឧទ្យាន នាងបានប្រាកដខ្លួនព្រមទាំងរថ គ្រប់សង្កត់ទេពធីតាទាំងអស់ដោយរស្មីរបស់ខ្លួន នៅកណ្ដាលស្រីទេពនាដកៈទាំងពីរកោដិកន្លះ ដែលជាបរិវាររបស់សក្កទេវរាជនោះ ។
សក្កទេវរាជបានទតឃើញនាងយ៉ាងនោះហើយ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើលកើតសេចក្ដីអស្ចារ្យដូច្នេះថា កីទិសេន នុ ខោ ឱឡារិកេន កម្មុនា អយំ ឯទិសិំ សុមហតិំ ទេវិទ្ធិមុបាគតា ដោយកម្មជាឱឡារិកយ៉ាងណាហ៎្ន ទើបទេពធីតានេះមានឫទ្ធិដ៏ធំក្រៃលែងយ៉ាងនេះ ? យ៉ាងនេះហើយ ទើងទ្រង់សួរទេពធីតានោះដោយគាថាទាំងឡាយនេះថា
ម្នាលនាងដ៏ចម្រើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹម ចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង ។ មានប្រាសាទ និងទីដេកលឿង មានទី អង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង ។ នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ ?
សូម្បីទេពធីតានោះក៏បានព្យាករដល់សក្កទេវរាជដោយគាថាទាំងឡាយនេះថា បពិត្រព្រះអង្គដ៏ចម្រើន វល្លិឈ្មោះកោសាតកី (វល្លិននោងព្រៃ) ជាជាតិវល្លិល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំ យកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ។ ឧទ្ទិសចំពោះព្រះសរីរធាតុ នៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ ។
គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះ សម្រេចម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ ។
បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។
បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។
នាកាលធ្វើសង្គាយនា ព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថា ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រ ។
បន្ទាប់មក សក្កទេវរាជ ក៏បានសម្ដែងធម៌ដោយគាថាទាំងឡាយនេះដល់ទេវបរិស័ទ ដែលមានព្រះមាតលីជាប្រធានថា ម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បី បន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យ មានផលច្រើន ។ កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិចមិនមែនឡើយ ។ ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុប ជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ ។
កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថាសត្វ ទាំងឡាយ មានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ។ ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគត ទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ។
នាកាលសក្កទេវរាជត្រាស់យ៉ាងនេះរួចហើយ ស្ដេចសក្កៈជាទេវានមិន្ទៈទ្រង់រម្ងាប់នូវសេចក្ដីឧស្សាហៈក្នុងការក្រសាលព្រះឧទ្យាន ហើយទ្រង់ត្រឡប់អំពីឧទ្យាននោះ ទ្រង់ធ្វើការបូជាព្រះចូឡាមណីចេតិយអស់ ៧ ថ្ងៃ ដែលជាបូជនីយដ្ឋានដែលទ្រង់បូជាជារឿយៗ ។
សម័យខាងក្រោយមកទៀត ស្ដេចសក្កទេវរាជ បានពោលរឿងនោះថ្វាយ ដល់ ព្រះនារទត្ថេរដែលទៅកាន់ទេវលោក ព្រះថេរៈក៏ប្រាប់រឿងនោះដល់ព្រះធម្មសង្គាហកាចារ្យ ទាំងឡាយ ព្រះសង្គាហកាចារ្យទាំងឡាយនោះ ក៏បានលើករឿងនោះឡើងកាន់ការធ្វើសង្គាយនា ដោយប្រការដូច្នេះឯង ។
ចប់ បីតវិមានវត្ថុ ។ (សុត្តន្តបិដក ខុទ្ទកនកាយ ឥត្ថិវិមាន មញ្ជិដ្ឋកវគ្គ បីតវិមានវត្ថុ បិដកលេខ ៥៥ ទំព័រ ៩៩ និង អដ្ឋកថា ឈ្មោះ បរមត្ថទីបនី)