Latest Article Get our latest posts by subscribing this site

តើមានអ្វីកើតឡើងនៅពេលស្លាប់

តើអ្វីទៅជាសេចក្តីស្លាប់ ?
សេចក្តីស្លាប់គឺជាផ្លូវរបត់មួយនៅក្នុងទន្លេនៃវដ្ដសង្សារ។
សេចក្តីស្លាប់ហាក់ដូចជាទីបញ្ចប់នៃដំណើរហូរទៅរបស់វដ្ដសង្សារហើយវាពិតជាចប់ដូច្នេះមែនបើនិយាយអំពីព្រះអរហន្តឬព្រះពុទ្ធដែលជាអ្នកបានរួចរំដោះពេញបរិបូរណ៍។
ប៉ុន្តែចំពោះមនុស្សធម្មតាដំណើរហូរទៅនៃវដ្ដសង្សារនេះនៅតែហូរបន្តទៅទៀតទោះបីក្រោយពេលស្លាប់ក៏ដោយ។
សេចក្តីស្លាប់បញ្ចប់សកម្មភាពរបស់ជីវិតមួយហើយពេលបន្ទាប់ ក៏ចាប់ផ្តើមឡើងសម្រាប់ជីវិតថ្មីមួយទៀត។
មួយផ្នែកគឺជាពេលចុងបង្អស់នៃជីវិតនេះ.មួយផ្នែកទៀត គឺជាពេលដំបូងបង្អស់នៃជីវិតបន្ទាប់។
សេចក្តីស្លាប់ដូចជាព្រះអាទិត្យដែលលិចហើយរះភ្លាមឡើងវិញដោយគ្មានភាពងងឹតនៅពេលចន្លោះឡើយឬមួយដូចជាការបញ្ចប់ចំពូកមួយនៅក្នុងសៀវភៅវដ្ដសង្សារ ហើយចំពូកមួយទៀតនៃជីវិតក៏ចាប់ផ្តើមឡើងនៅពេលជាបន្ទាប់នោះ។
ទោះបីគេមិនអាចរកអ្វីមកប្រៀបធៀបបានជាមួយដំណើរការពិតប្រាកដក៏ដោយ គេអាចនិយាយបានថាដំណើរហូរទៅនៃវដ្ដសង្សារគឺដូចជារថភ្លើងមួយដែលបើកបរនៅលើផ្លូវដែក នៅពេលដែលទៅដល់ស្ថានីយ៍នៃសេចក្តីស្លាប់រថភ្លើង បង្អង់ល្បឿនមួយរយះពេល រួចហើយក៏បន្តរល្បឿនដដែលតទៅទៀត រថភ្លើងមិនឈប់នៅស្ថានីយ៍ទេសូម្បីតែមួយរយះពេលក៏ឥតអង្គឹមានដែរ។
ចំពោះអ្នកដែលមិនមែនជាព្រះអរហន្តដំណាក់នៃសេចក្តីស្លាប់មិនមែនជាដំណាក់ចុងក្រោយបង្អស់ទេ តែជាផ្លូវបំបែកមួយដែលមានផ្លូវផ្សេងៗចំនួន៣១ទៀតបែកចេញពីនោះ កាលណាវាទៅដល់ដំណាក់ភ្លាមរថភ្លើងត្រូវបើកចូលទៅផ្លូវណាមួយក្នុងចំណោមផ្លូវទាំង៣១នោះរួចក៏បន្តដំណើរទៅមុខទៀត។
រថភ្លើងយ៉ាងលឿននៃវដ្ដសង្សារនេះមានអគ្គិសនីរបស់សង្ខារនៃកម្មចាស់ជាប្រេងឥន្ធនះ សម្រាប់ជួយបន្តដំណើរទៅទៀតពីដំណាក់មួយទៅដំណាក់មួយនៅលើផ្លូវណាមួយដោយគ្មានឈប់ឈរ។
ការផ្លាស់ប្តូរផ្លូវដែកនេះកើតឡើងដោយឯកឯងគឺដូចជាទឹកកករលាយទៅជាទឹកហើយទឹកត្រជាក់កកទៅជាទឹកកកវិញតាមច្បាប់ធម្មជាតិ។
យ៉ាងណាមិញការតភ្ជាប់គ្នាពីជីវិតមួយទៅជីវិតមួយគឺមានច្បាប់ធម្មជាតិជាអ្នកដឹកនាំត្រួតត្រា ដោយស្របតាមច្បាប់នេះរថភ្លើងមិនត្រឹមតែត្រូវផ្លាស់ប្តូរផ្លូវដែកដោយខ្លួនឯងទេ តែត្រូវធ្វើផ្លូវដែកបន្តទៅទៀតដោយខ្លួនឯងដែរ។
ចំពោះរថភ្លើងវដ្ដសង្សារនេះដំណាក់នៃសេចក្តីស្លាប់ដែលរថភ្លើងត្រូវផ្លាស់ប្តូរផ្លូវនោះជាការសំខាន់ណាស់ នៅត្រង់ទីនេះជីវិតនៃជាតិនេះត្រូវបោះបង់ចោលនេះគេហៅថា"ចុតិ"ឬការលិចបាត់.សេចក្តីស្លាប់។
រូបកាយត្រូវស្លាប់ហើយភ្លាមមួយរំពេចនោះជីវិតបន្ទាប់ក៏ត្រូវចាប់ផ្តើមឡើងនេះគេហៅថា"បដិសន្ធិ"ការចាប់បដិសន្ធិឬការចាប់ផ្តើមជីវិតបន្ទាប់។
ពេលចាប់បដិសន្ធិជាលទ្ធផលរបស់ពេលស្លាប់ហើយពេលស្លាប់ជាអ្នកបង្កើតពេលចាប់បដិសន្ធិ ដោយហេតុថាពេលស្លាប់ម្តងៗបង្កើតពេលចាប់បដិសន្ធិសេចក្តីស្លាប់មិនមែនគ្រាន់តែស្លាប់ទេតែជាកំណើតផងដែរ នៅត្រង់ផ្លូវបំបែកនេះជីវិតផ្លាស់ទៅជាស្លាប់ហើយសេចក្តីស្លាប់ផ្លាស់ទៅជាកំណើត។
ដូច្នេះជីវិតនីមួយៗជាការរៀបចំមួយសម្រាប់សេចក្តីស្លាប់ជាបន្ទាប់ បើគេជាអ្នកមានបញ្ញាគេត្រូវប្រើជីវិតនេះឲ្យបានយ៉ាងប្រសើរបំផុត ហើយរៀបចំសេចក្តីស្លាប់ឲ្យបានល្អប្រសើរ"សេចក្តីស្លាប់ដែលប្រសើរបំផុត គឺសេចក្តីស្លាប់ជាចុងក្រោយបំផុតគឺសេចក្តីស្លាប់របស់ព្រះអរហន្ត". មិនមែនជាផ្លូវបំបែកទេតែជាដំណាក់ចុងក្រោយបំផុត។នៅត្រង់ទីនេះរថភ្លើងមិនត្រូវមានផ្លូវដែលអាចបើកបរតទៅទៀតបានឡើយ។
ប៉ុន្តែទម្រាំនឹងបានទៅដល់ដំណាក់ចុងបំផុតគេត្រូវធ្វើយ៉ាងណាដើម្បីឲ្យសេចក្តីស្លាប់បង្កើតកំណើតមួយល្អប្រសើរហើយបានទៅដល់ដំណាក់ចុងបំផុតជាបន្តទៅទៀត។
ទាំងអស់នេះគឺអាស្រ័យនៅលើខ្លួនឯងលើការខំប្រឹឹងប្រែងផ្ទាល់របស់យើង យើងជាអ្នករចនាអនាគតផ្ទាល់ខ្លួនយើងជាអ្នកបង្កើតសុខុមាលភាពឬទុក្ខសោករបស់ខ្លួនយើងហើយជាអ្នកធ្វើការរំដោះរបស់ខ្លួនឯងផងដែរ
តើយ៉ាងដូចម្តេចបានជាយើងជាអ្នកបង្កបង្កើតផ្លូវទាំងឡាយសម្រាប់ទទួលរថភ្លើងនៃវដ្ដសង្សារនេះ?
(សូមរង់ចាំអានវគ្គបន្តទៀតខ្ញុំនិងសរសេរនៅលើកក្រោយ)
សាធុ!សាធុ!សាធុ!ឆ្លងសេចក្តីទុក្ខបានដោយការខិតខំព្យាយាមដោយខ្លួនឯងមិនមានអ្នកដទៃណាអាចជួយយើងបានក្រៅពីខ្លួនជាទីពឹងរបស់ខ្លួន!
ជាតិមុខយើងជ្រើសរើសមិនបានតែកម្មកល្យាណបានជាផ្លូវជាតិនេះយើងអាចកែតម្រូវជ្រើសរើសផ្លូវសាងជីវិតខំប្រព្រឹត្តតែអំពើល្អទាន!



សមាធិ

សមាធិ
សារប្រយោជន៍ សមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឲ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។ សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ ៖ ១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។ ២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង ៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេប៉ុន្តែ អារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។ ៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ុបក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ចិត្តេកគតា រួមជាអង្គ ៥ ។ អ្វីជាអារម្មណ៍របស់សមថសមាធិ ? ពាក្យថា សមាធិ ប្រែថា ចិត្តស្ងប់ នេះមិនមែនសុទ្ធតែត្រឹមត្រូវជា សម្មាសមាធិ ទាំងអស់ទេ ។ ឯមិច្ឆាសមាធិ គឺ សមាធិ ខុសចាកគន្លងធម៌ឬសមាធិចិត្ត ដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេស ថាជា លោកុត្តរៈ មាន មគ្គ ផល និព្វាន ហើយលះបង់ការប្រតិបត្តិ ចម្រើនភាវនា ចោលព្រោះហេតុដូច្នេះ សមាធិចិត្ត ជា សម្មាសមាធិ ទៅបាន កេចិអាចារ្យ ឬ អដ្ឋកថាចារ្យ ទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង ៤០ យ៉ាង តាមអធ្យាស្រ័យ ឬ ចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ ។

អរិយមគ្គមានអង្គ៨

ព្រះសទ្ធម្មចែកជា ៣ ប្រភេទគឺ
១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សំដែងប្រាប់ដល់អ្នកដទៃ,
២- បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាមធ្វើតាមកាន់តាម នូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ឲ្យសំរេចនូវធម៌ដែលខ្លួនមិនទាន់សំរេច ដើម្បីឲ្យជាក់ច្បាស់ ។
៣- បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសំរេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថៈ គឺមគ្គ ផល និព្វាន ដែលជាផលសំរេចអំពីការរៀនស្ដាប់ចេះដឹង នឹងប្រតិបត្តិនោះ ។
វេនេយ្យសត្វដូចអ្នកដំណើរ, ព្រះសម្មាសម្ពុទ្ធដូចអ្នកស្គាល់ផ្លូវ បង្ហាញផ្លូវត្រង់, បរិយត្តិធម៌ដូចជាផ្លូវត្រង់, បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ, បដិវេធធម៌ដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។ ព្រះសទ្ធម្មទាំង ៣ ប្រភេទនេះ បណ្ឌិតគប្បីលើកយកអរិយមគ្គមានអង្គ ៨ មកពិនិត្យឲ្យយល់ច្បាស់ថាៈ
ការរៀនចេះចាំបង្រៀនសំដែងនូវមគ្គ នោះជាបរិយត្តិ, ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តតាមអង្គមគ្គ នោះជាបដិបត្តិ, ការបានសំរេចនូវអង្គមគ្គ នោះជាបដិវេធៈ ។
អរិយមគ្គមានអង្គ ៨
១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ,
២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ,
៣- សម្មាវាចា សំដីត្រូវ,
៤- សម្មាកម្មន្តៈ ការងារត្រូវ,
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ,
៦- សម្មាវាយាមៈ ព្យាយាមត្រូវ,
៧- សម្មាសតិ ការរលឹកត្រូវ,
៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។
១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤
១- ទុក្ខៈ ធម្មជាតដែលនាំឲ្យលំបាកព្រួយមានជាតិ ជរា មរណៈជាដើម,
២- ទុក្ខសមុទយៈ ហេតុបណ្ដាលឲ្យកើតទុក្ខបានដល់តណ្ហា,
៣- ទុក្ខនិរោធៈ ព្រះនិព្វានរំលត់តណ្ហាបណ្ដាលទុក្ខ,
៤- ទុក្ខនិរោធគាមិនីបដិបទា មធ្យមមាគ៌ានាំឲ្យទៅកាន់ទីរំលត់ទុក្ខ ។
២-សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ
១- នេក្ខម្មសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការចេញចាកកាម,
២- អព្យាទសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនព្យាបាទ,
៣- អវិហឹសាសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនបៀតបៀន។
៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ
១- មុសាវាទា វេរមណី ការវៀរចាកកិរិយាពោលកុហក,
២- បិសុណាយ វាចាយ វេរមណី ការវៀរចាកសំដីញុះញង់,
៣- ផរុសាយ វាចាយ វេរមណី ការវៀរចាកសំដីទ្រគោះ
៤- សម្ផប្បលាបា វេរមណី ការវៀរចាកកិរិយាពោលរឿងឥតប្រយោជន៍ ។
៤-សម្មាកម្មន្តៈ ការងារត្រូវបានដល់ការវៀរចាក កាយទុច្ចរិត ៣ យ៉ាងគឺ
១- បាណាតិបាតា វេរមណី ការវៀរចាកកិរិយាបំបាត់ប្រាណសត្វ,
២- អទិន្នាទានា វេរមណី ការវៀរចាកការកាន់យកវត្ថុដែលគេមិនឲ្យ,
៣- កាមេសុមិច្ឆាចារា វេរមណី ការវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, សម្រាប់គ្រហស្ថ បានដល់ការវៀរចាកជំនួញខុស កិរិយាលះបង់ការបំបាត់ដោយជញ្ជីងជាដើម ការធ្វើជាសាក្សីកោង, ការល្មោភសំណូក ហើយប្រកបអាជីវកម្ម ដោយវណិជ្ជកម្មដែលនាំឲ្យសេដ្ឋកិច្ចជាតិចំរើន, ដោយវិជ្ជាជីវៈ ដ៏យុត្តិធម៌, ដោយកសិកម្ម ជាឧត្តមកម្ម នឹងគោរក្ខកម្ម, សម្រាប់បព្វជិត បានដល់ការលះបង់មិច្ឆាអាជីវៈដោយអនេសនៈបាបធម៌ មានទូតកម្ម វេជ្ជកម្មជាដើម ការត្រាច់ទៅកាន់អគោចរដ្ឋាន ហើយចិញ្ចឹមជីវិតដោយភិក្ខាចរិយធម៌ដ៏ស្មើ ឬបច្ច័យដែលកើតឡើងតាមធម៌ ។
៦-សម្មាវាយាមៈ ព្យាយាមត្រូវ បានដល់សម្មប្បធាន គឺការបង្កើតឆន្ទៈ ព្យាយាមប្រារព្ធ វីរិយៈ តាំងបធាន ផ្គងចិត្តៈ
-ដើម្បីមិនឲ្យអកុសលធម៌លាមក មិនទាន់កើតឡើង កើតឡើងបាន,
-ដើម្បីលះបង់នូវអកុសលធម៌លាមកកើតឡើងហើយ,
-ដើម្បីឲ្យកុសលធម៌មិនទាន់កើតឡើង កើតឡើង,
-ដើម្បីឲ្យកុសលធម៌កើតឡើងហើយ ឋិតនៅ មិនសាបសូន្យ ឲ្យចំរើនច្រើនឡើង ឲ្យចំរើនទូលំទូលាយ ឲ្យបរិបូណ៌ ។
៧-សម្មាសតិៈ ការរលឹកត្រូវ បានដល់ សតិប្បដ្ឋាន ៤ គឺ
១- កាយានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិខ្ជាប់ខ្ជួនពិចារណារឿយៗ ក្នុងកាយ,
២- វេទនានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ
ៗ ក្នុងវេទនា.
៣- ចិត្តានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយៗ ក្នុងចិត្ត,
៤- ធម្មានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយៗ ក្នុងធម៌ ។
៨-សម្មាសមាធិៈ សមាធិត្រូវ បានដល់ឈាន ៤ ដែលភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ចាកអកុសលធម៌ទាំងឡាយ ហើយបានសម្រេច គឺ
១- មឋមជ្ឈាន ប្រកបដោយ វិតក្កៈ វិចារៈ មានបីតិ សុខៈ កើតអំពីវិវេគ,
២- ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ ថ្លាល្អខាងក្នុង មានឯកោទិភាពចិត្ត មានបីតិសុខកើតអំពីវិវេគ,
៣- តតិយជ្ឈាន ប្រាសចាកបីតិ មានសុខៈ នឹងឧបេក្ខា,
៤- ចតុត្ថជ្ឈាន លះបង់សុខនឹងទុក្ខ មិនមានសោមនស្សទោមនស្ស ជាអទុក្ខមសុខៈ មានសតិប្រកបដោយឧបេក្ខាដ៏បរិសុទ្ធ ។
បណ្ដាមគ្គទាំង ៨
-សម្មាទិដ្ឋិ ញ៉ាំងលោកឲ្យដឹងច្បាស់នូវ អនិច្ចតា ទុក្ខតា អនត្តតា, នូវសមុទ័យនៃលោកប្បញ្ហា គឺតណ្ហា, នូវឧបាយដោះនឹងកិរិយាដោះ,
-សម្មាសង្កប្បៈ ឲ្យស្គាល់សមុដ្ឋានអសន្តិភាព គឺកាមៈ ព្យាបាទៈ វិហឹសា ហើយឲ្យសាងសន្តិភាពដោយកាមវិរតិ ព្រហ្មវិហារធម៌ ៤ ជាធម៌ស្ងួនលោក,
-សម្មាវាចា ឲ្យមានសច្ចៈ មានសន្តិភាពសាមគ្គីអរិយធម៌ដោយវាចានឹងវាចាប្រកបដោយប្រយោជន៍,
-សម្មាកម្មន្តៈ ឲ្យគោរពសិទ្ធិ សេរីភាព អធិបតេយ្យដែលមានសំរាប់កាយិកចេតសិកសុខជីវិត សវិញ្ញាណកាវិញ្ញាណកទ្រព្យ គ្រាមធម៌,
-សម្មាអាជីវៈ ឲ្យប្រកបអាជីវកម្មដោយធម៌,
-សម្មាវាយាមៈ ឲ្យលះបង់អាលស្យភាព (កំជិល) ដែលជាប្រធានអកុសលធម៌,
-សម្មាសតិ ឲ្យមានសតិសម្បជញ្ញៈជានិច្ចថា “ លោកមានសមភាពទៅវិញទៅមក” ព្រោះលោកជាទឹក ដី ភ្លើង ខ្យល់ ឋិតនៅក្នុងអាណា អនិច្ចតា ទុក្ខតា អនត្តតា ដូចគ្នា ជាប់ចោទលោកប្បញ្ញាដូចគ្នា,
-សម្មាសមាធិ ឲ្យមានចិត្តស្អាតផូរផង់ តាំងនៅមាំមួនចំពោះសត្វនឹងសង្ខារ ។
មគ្គទាំង ៨ នេះចាត់ចូលក្នុងសិក្ខាទាំង ៣ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ ចូលក្នុង អធិប្បញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូលក្នុង អធិសីល សិក្ខា, សម្មាវិយាមៈ សម្មាសតិ សម្មាសមាធិ ចូលក្នុង អធិចិត្ត សិក្ខា ។
ព្រះពុទ្ធសាសនា មានគោលធម៌ប៉ុណ្ណេះជាដើម ដែលជាពន្លឺបំភ្លឺលោក ឲ្យភ្លឺស្វាងចាកមហន្ធការគឺអវិជ្ជា ហើយឲ្យស្គាល់មធ្យោបាយសាងសន្តិភាពសម្រាប់សាកលលោក នឹងឯកន្តសន្តិភាព គឺសន្តិភាពសម្រាប់ខ្លួននាបច្ចុប្បន្ន អនាគត នឹងសន្តិភាព រួចចាកអណាលោករាជនឹងលោកប្បញ្ញានាអវសានជាតិ ។

ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ

ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ
១- សេពគប់ជាមួយសប្បុរស សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត ជាអ្នកគោរពច្បាប់ មានភូមិធម៌ មានភូមិបញ្ញា គួរដល់ការគោរពរាប់អាន។ មនុស្សដែលមិនរឹងត្អឹង មិនចចេសមុខរឹង បានជ្រើសរើសយកសប្បុរសជាកល្យាណមិត្ត សេពគប់ជិតដិត ។ មនុស្សមិនរឹងត្អឹងមានបំណងកសាងខ្លួនឲ្យបានជាមនុស្សល្អ រមែងស្វែងរកនូវសប្បុរសសម្រាប់រំលឹកដាស់តឿនខ្លួនរកទីប្រឹក្សាល្អ មិត្តល្អ សៀវភៅល្អ រហូតដល់បរិយាកាសសង្គមជុំវិញខ្លួនក៏ល្អទៀតផង ដើម្បីជាឧបការៈឲ្យមានបញ្ញាស្មារតី ។
២- ស្តាប់ធម៌របស់សប្បុរស ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបាននូវប្រយោជន៍ គឺត្រូវស្តាប់នូវព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកនូវអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក ទាំងស្តាប់អំពីបុគ្គលផ្ទាល់ ទាំងអានសៀវភៅ តាំងចិត្តរៀន ស្រាវជ្រាវសន្ទនាសាកសួរ ធ្វើឲ្យមានការចេះដឹងពិតប្រាកដ ។
៣- ធ្វើទុក្ខក្នុងចិត្តដោយឧបាយត្រូវទំនង បានឃើញបានឮ បានអាន បានស្តាប់ រួចហើយក៏ចេះគិតពិចារណាដោយខ្លួនឯង វែកញែករកហេតុផលថា នុ៎ះគឺអ្វី កើតឡើងបានយ៉ាងណា ដូចម្តេចបានជាយ៉ាងហ្នឹង តើហេតុផលនេះវាសមគ្នាដែរឬទេ ដូចនេះជាដើម ។
៤- បដិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ គឺបដិបត្តិត្រឹមត្រូវតាមគោលរបស់ព្រះធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។ ការបដិបត្តិជាការងារនាំមកនូវផល ដែលផលរមែងសមស្របទៅតាមការងារជាហេតុដោយពិត។

ឆពណ្ណរង្សីរស្មី ៦ពណ៍

ព្រះពុទ្ធបរមគ្រូ មានឆពណ្ណរង្សីរស្មី ៦ពណ៍ផ្សាយជុំវិញ
កាលនៅជាព្រះពោធិសត្វព្រះអង្គបានបំពេញ ទានបារមី
ផង ទានឧបបារមីផង និង ទានបរមត្ថបារមីផង។
ទើបកើតចេញជារស្មី៦ពណ៍ ផ្សាយពីព្រះវរកាយ
ព្រះអង្គ។
១. ពណ៌ខៀវ តំណាងកាលព្រះអង្គឆ្កៀលព្រះនេត្រ
ធ្វើជាទាន ដល់ឥន្ទព្រាហ្មណ៍ នៅពេលដែលព្រះអង្គ
យកកំណើតជាក្សត្រនាមស្រីពិរាស្ត្រ។
២. ពណ៌ក្រហម តំណាងកាលព្រះអង្គយកកំណើត
ជាមាណពឈ្មោះបទុម ហើយត្រូវពស់ចឹកមាតាស្លាប់
ព្រះអង្គស៊ូប្តូរជីវិតកាត់បេះដូងធ្វើជាថ្នាំសង្គ្រោះមាតា។
៣. ពណ៌លឿងតំណាងកាលដែលព្រះអង្គ យកកំណើត
ជាវៃបណ្ឌិត ហើយបានអារសាច់របស់ខ្លួនឲ្យជាងទង
ផែជាមាសដើម្បីបិទព្រះពុទ្ធរូបមានពន្លឺភ្លឺថ្លា។ កាលនោះព្រះឥន្ទបានដំណែងខ្លួនជាជាងមាស។
៤ ពណ៌ស តំណាងកាល ដែលព្រះអង្គយកកំណើតជា
ព្រះវេស្សន្តរហើយព្រះអង្គ បានឲ្យទានដំរីសដល់ពួក
កលឹង្ករាស្ត្រ។
៥ ពណ៌ហង្សបាទ តំណាងកាល ដែលព្រះអង្គកើតជាវិជ្ជាធរ
ហើយត្រូវយក្សចាប់មាតាព្រះអង្គបាន ព្រះអង្គក៏អារសាច់
របស់ខ្លួន ឲ្យយក្សស៊ី ដើម្បីជួយមាតាមកវិញ។
៦ ពណ៌ផ្លេកតំណាងកាល ដែលព្រះអង្គកើតជាទន្សាយ ហើយលោតចូលទៅក្នុងភ្លើង ដើម្បីបំពេញទានដល់
ឥន្ទព្រាហ្មណ៍ជាអាហារ៕
នៅក្នុងទានទាំងអស់នឹង តើអ្នកដឹងទេថា ទានណា
ជាទានបារមី ? ទានណាជាទានឧបបារមី និង
ទានណាជាទានបរមត្ថបារមី? សូមពិចារណា
ទាំងអស់គ្នា!

ព្រហ្មវិហារធម៌៤

ព្រហ្មវិហារធម៌៤ បានដល់ ធម៌ជាគ្រឿងឋិតនៅដ៏ប្រសើរ
ធម៌ប្រចាំចិត្តដ៏ប្រសើរ គោលការប្រព្រឹត្តិដ៏ បរិសុទ្ធិ ធម៌ដែលត្រូវមាន
ទុកជាគោលក្នុងចិត្ត និងកាន់កាប់ការប្រព្រឹត្តិ ទើបនឹងមាននាមថា ដំណើរ
ជីវិតហ្មត់ចត់ និងប្រតិបត្តិខ្លួនចំពោះមនុស្ស សត្វទាំងឡាយដោយត្រូវ បានដល់ ៖
១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្តីសុខ
មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្ស សត្វទូទៅ ។
២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខជួយសង្រ្គោះបំបាត់ទុក្ខលំបាករបស់ ពពួកសត្វ ។
៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមាន
សេក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ អ្នកឋិតនៅក្នុង ” បកតិសុខ “ ( សុខជាប្រក្រតី )។
៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅ
ក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌
ដូចជាជញ្ជីង មិនលំអៀងដោយស្រ ឡាញ់ដោយស្អប់ ពិចារណាឃើញ
កម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬអាក្រក់ សមដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅ
តាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមាន
កិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុស
ត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួល
ខុសត្រូវរបស់ខ្លួន ។

ដើមឈើ និងជីវិត

Popular Posts

Powered by Blogger.

statistics

Blog Archive

 
Support : Your Link Copyright © 2018. អត្ថបទព្រះធម៏ - All Rights Reserved
Proudly powered by Dhammatext